(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រីម្នាក់ ដែលចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងសិប្បកម្មឈើ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយសហការជាមួយកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ បន្ថែមថា ក្រោយត្រួតពិនិត្យនៅក្នុងទីតាំងសិប្បកម្មឈើខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ស្រីម្នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយឃាត់ខ្លួនជនទាំងនេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ។
ជាមួយគ្នានោះ លោកប្រធាននាយកដ្ឋានបានឲ្យដឹងថា ក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនគរបាលជំនាញ នឹងបន្ដត្រួតពិនិត្យ និងបណ្ដេញជនបរទេសណា ដែលបានលួចឆ្លងដែន និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតិ ពីប្រទេសកម្ពុជាជាបន្ដបន្ទាប់៕