(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានថ្លែងជំរុញឲ្យសិល្បករ សិល្បការិនីកម្ពុជាទាំងអស់ ដែលត្រូវឡើងលើវេទិកាច្រៀង ឬសម្តែង សូមជួយអំពាវនាវបញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងអំពាវនាវពីសកម្មភាពភាពមនុស្សធម៌ ឲ្យបានកាន់តែសកម្មថែមទៀតជូនប្រជាពលរដ្ឋ។
ការថ្លែងអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា នៅសាលារាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «សិល្បករ សិល្បការិនី ពេលឡើងលើវេទិកា ច្រៀងចប់សូមអំពាវនាវធ្វើការដល់ប្រជាពលរដ្ឋ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ បញ្ហាមនុស្សធម៌ជួយជនក្រីក្រជាដើម។...ជួនកាលសិល្បករ-សិល្បការិនី ឡើងលើវេទិកាអំពាវនាវបានមួយផ្នែក ពីគ្រោះថ្នាក់ចរាចរណ៍ ឲ្យយុវជនចូលសាលារៀនសូត្រ កុំប្រព្រឹត្តអំពើពាលាអាវ៉ាសែដែលសង្គមស្អប់ខ្ពើម ព្រោះការផ្សព្វផ្សាយរបស់សិល្បករ សិល្បការិនី បានទូលំទូលាណាស់ អីចឹងទេ ការឡើងលើឆាកមួយយប់របស់ពួកគាត់ អាចផ្សាយចេញទូទាំងពិភពលោក ដូច្នេះសូមសិល្បករ សិល្បការនី បន្តជួយអំពាវនាវថែមទៀត ព្រោះដើម្បីសង្គមជាតិយើងទាំងអស់គ្នា»។
សូមជម្រាបថា ក្នុងឱកាសនោះសិល្បករ-សិល្បការិនីចំនួន៣៨រូប ក៏ត្រូវទទួលបានការបំពាក់គ្រឿងឥស្សរិយយស ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ា នី ហ៊ុន សែន ផងដែរ។
សិល្បករ-សិល្បការិនី៣៨រូប ក្នុងនោះមាន១៧រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និងសិល្បករ-សិល្បការិនី ២១រូប ទទួលបានគ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ ក្នុងនោះមានតារាសម្ដែង តារាចម្រៀង តារាកំប្លែង និងវិរៈសិល្បករជើងចាស់ មួយចំនួនផងដែរ ដែលមានស្នាដៃ នៅក្នុងការជួយថែរក្សា តម្លៃវប្បធម៌ អរីយធម៌ និងប្រពៃណី របស់ខ្មែរ៕