(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលបិទបង្ហាញនៅសាលាសង្កាត់ ឲ្យបានគ្រប់គ្នា។
លោកឧបនាយករដ្ឋមន្រ្តី បានទទូចឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលក្នុងមូលដ្ឋានទាំងអស់គ្នា ដើម្បីប្រើប្រាស់ឲ្យយូរអង្វែង។
ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី បិទសន្និបាតថ្នាក់សង្កាត់ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅភោជនីដ្ឋានពន្លឺនាគទិព្វ។
លោកឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងបានផ្ដាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ។
ក្រោយពីស្តាប់ការរាយការណ៍របស់តំណាងសង្កាត់ ដែលបានបង្ហាញពីសមទ្ធិផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធភូមិសង្កាត់ ដូចជា ធនធានមនុស្ស សាលារៀន គមនាគមន៍ ផ្លូវថ្នល់-កៅស៊ូ-បេតុង វត្តអារាម សេដ្ឋកិច្ច កសិកម្ម និងសំណង់ធារាសាស្រ្ត សេវាសុខាភិបាល និងសន្តិសុខ ស្ថិរភាព ដល់ប្រជាពលរដ្ឋទូទាំងសង្កាត់រួចមក លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ រួបរួមសាមគ្គីគ្នាជួយថែរក្សាសមិទ្ធផលទាំងអស់នោះ ទាំងអស់គ្នា។
លោកបានជំរុញឲ្យប្រជាពលរដ្ឋ «ត្រូវទៅពិនិត្យឈ្មោះបោះឆ្នោតម្ដងទៀត ព្រោះ គ.ជ.ប បានទុកពេលតែ៣ថ្ងៃទៀតទេ គឺកំណត់ផុតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ហើយបានបញ្ជាក់ឲ្យដឹងពីការបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយះពេល៦ខែ ក្នុងដើមឆ្នាំ២០១៧ នេះផងដែរ»។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានជួយឧបត្ថម្ភនូវអំណោយដល់សមាជិក និងអ្នកចូលរួម ជាង១ពាន់នាក់ ក្នុងម្នាក់ទទួលបាននូវសារ៉ុង១ និងបានពិសាបាយសាមគ្គី នៅក្នុងបរិយាកាសក៏សប្បាយរីករាយ៕