(សៀមរាប)៖ នៅក្នុងជំនួបរវាងលោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក Michael Chan រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិ នៃរដ្ឋ Ontarioប្រទេសកាណាដា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លោក Michael Chan បានថ្លែងស្ងើចសរសើរចំពោះស្ថាដៃដូនតាខ្មែរ ដែលបានសាងសង់ ប្រាសាទយ៉ាងល្អឥតខ្ចោះ ជាពិសេសលោកពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មដ៏ធំធេង របស់ខ្លួន បានទទួលលទ្ធផលយ៉ាងជោគជ័យ។
លោកបានបញ្ជាក់ថា «មុនចេញដំណើរមក ប្រពន្ធខ្ញុំបានស្វែងរកក្នុងប្រព័ន្ធអ៊ីនធើណិតអំពីអង្គរ ហើយបានដឹងថាអង្គរពិតជាអស្ចារ្យណាស់ យើងបានដឹងថា ថ្មីៗនេះអង្គរបានក្លាយជាគោលដៅទស្សនាដ៏ល្អបំផុតលើលោកទៀតផង»។
លោក Michael Chan រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិនៃរដ្ឋ Ontario ប្រទេសកាណាដា បានមកបំពេញទស្សនកិច្ច និង ស្វែងយល់អំពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
នៅក្នុងឱកាសនោះដែរ លោក សុខ សង្វារ បានបញ្ជាក់ឲ្យដឹងអំពីភាពជោគជ័យ នៃការគ្រប់គ្រងរមណីយដ្ឋានអង្គររយៈពេល ជាង២០ឆ្នាំកន្លងមកនេះ របស់អាជ្ញាធរ ជាតិអប្សរា តាមរយៈយន្តការICC Angkor និងកិច្ចសហប្រតិបត្តិការយ៉ាងល្អពី សំណាក់ដៃគូជាតិ និងអន្តរជាតិជាច្រើនទៀត។ មិនត្រឹមតែជោគជ័យនៅអង្គរទេ យន្តការICC-Angkor ត្រូវបានបណ្តាប្រទេសជាច្រើនយកគំរូទៅអនុវត្តតាមទៀតផង។ ក្រៅពីនេះមន្ត្រីជំនាញ៤រូបផ្សេងទៀត ក៏បានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី អំពីកិច្ចការអភិរក្សជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ការអភិវឌ្ឍនិងគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍន៍សហគមន៍ក្នុងរមណីយដ្ឋានអង្គរ និងការគ្រប់គ្រងបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។
ជាមួយគ្នានោះដែរ លោក សុខ សង្វារ ក៏បានបង្ហាញជូនគណៈប្រតិភូកាណាដាអំពីការវិវត្តសំខាន់ៗដែលពាក់ព័ន្ធនឹងការរៀបចំ គ្រប់គ្រង រមណីយដ្ឋានអង្គរ។ លោកបានបន្តថា ចាប់ពីអង្គរត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២ មក តាមរយៈឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអង្គរត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្តែង ការរៀបចំគណៈកម្មាធិការអន្តរជាតិICC-Angkor ក្នុងឆ្នាំ១៩៩៣ ការកំណត់តំបន់ការពារក្នុងឆ្នាំ១៩៩៤ ការបង្កើតអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌក្នុងឆ្នាំ១៩៩៦ គោលនយោបាយបើកលំហជើងមេឃឆ្នាំ១៩៩៧យុទ្ធសាស្ត្រឈ្នះៗដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងក្នុងឆ្នាំ១៩៩៨។ កត្តាទាំងនេះហើយ ដែលជំរុញឲ្យអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ឆ្នាំ២០០៤៕