(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានថ្លែងអំពាវនាវដល់ បណ្តាក្រសួងស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីបន្តបេសកកម្មមនុស្សធម៌ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ស្របតាមព្រះរាជគំរូរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ។
ការថ្លែងអំពាវនាវ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា នៅសាលារាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ក្រសួងស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍បន្តចូលរួមឧបត្ថម្ភគាំទ្រ ទាំងថវិកា សម្ភារ ដើម្បីបន្តលទ្ធភាព និងបង្កលក្ខណៈដល់ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឲ្យបំពេញបេសកកម្មមនុស្សធម៌ក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើង ស្របតាមការប្តេជ្ញាចិត្តដង្ហែតាម ព្រះវរគំរូមនុស្សធម៌របស់ព្រះករុណា ព្រះអង្គម្ចាស់ជិវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈ»៕