(បាត់ដំបង)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបំពេញទស្សនកិច្ចពេញមួយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីពិនិត្យមើលការបង្កបង្កើនផល និងការដាំដុះរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តបាត់ដំបង។

ក្នុងដំណើរពិនិត្យមើលការបង្កបង្កើនផល ដើម្បីស្វែងយល់ពីបញ្ហាកំពុងជួបប្រទះរបស់ប្រជាពលរដ្ឋនេះ លោក វេង សាខុន ក៏បានទៅពិនិត្យមើលការលក់ដំឡូងមី របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកសំពៅលូនផងដែរ។

គេសង្កេតឃើញមាន ក្រុមហ៊ុនជាច្រើនកំពុងនាំគ្នាទិញ និងដឹកជញ្ជូនដំឡូងមីរបស់ខ្មែរទៅកាន់ប្រទេសថៃ។ ក្រុមហ៊ុនទទួលទិញដំឡូងមី បានឲ្យដឹងថា ក្រុមហ៊ុនបានទទួលទិញដំឡូងមីស្ងួតក្នុងមួយគីឡូ ៥០០រៀលក្នុងមួយគីឡូ ហើយពេលលក់នៅប្រទេសថៃ បាន ៧០០រៀលក្នុងមួយគីឡូ។

លោក វេង សាខុន បានណែនាំឲ្យក្រុមហ៊ុនទិញដំឡូងមីខ្មែរត្រូវសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវ ហើយត្រូវគោរពទៅតាមច្បាប់ ភូគាមអនាម័យកុំឲ្យខូចតម្លៃគុណភាព របស់ដំឡូងមីខ្មែរ។

បន្ទាប់ពីពិនិត្យមើលការលក់ដូរដំឡូងមីហើយ លោក វេង សាខុន ក៏បានបន្តដំណើរទៅស្រុកភ្នំព្រឹក្ស ពិនិត្យមើលការដាំស្ពៃរបស់ប្រជាកសិករខ្មែរ។ លោក វេង សាខុន បានបង្ហាញការសប្បាយចិត្ត បន្ទាប់ពីឃើញប្រជាពលរដ្ឋខ្មែរនៅទីនោះ ចេះប្រើបច្ចេកទេសខ្ពស់ក្នុងការ ដាំដុះ និងចេះរៀបចំប្រព័ន្ធទឹកដោយស្វ័យប្រវត្តិ សម្រាប់ស្រោចស្រព។

លោករដ្ឋមន្រ្តី វេង សាខុន ក៏បានណែនាំប្រជាពលរដ្ឋឲ្យប្រែងប្រែងពង្រីកការដាំដុះពីលក្ខណៈគ្រួសារ ឲ្យទៅជាទ្រង់ទ្រាយចំការបន្លែធំៗ ដើម្បីបំពេញតម្រូវការទីផ្សារ។ ទន្ទឹមនឹងការពិនិត្យមើលពីការដាំដុះលោក វេង សាខុន ក៏បានឧត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់កសិករប្រកបរបរ ដាំបន្លែនោះផងដែរ៕