(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកងកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្តខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ១ ក្រុងស្វាយរៀង និងក្រុងបាវិត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។
សកម្មភាពដ៏មមាញឹកនេះ ក៏មានការអប់រំណែនាំ និងផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់ក្រុមអ្នកបើកបររថយន្តដឹកកម្មករ និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
លោកឧត្តមសេនីយ៍ទោ កឹង ឃន បានបន្តថា យុទ្ធនាការសម្រួលចរាចរណ៍នេះ មានរយៈពេល៣ថ្ងៃ ដើម្បីកុំឲ្យមានការកកស្ទះ នៅពេលដែលមានរថយន្តដឹកកម្មករ ចូលធ្វើការ-ចេញពីធ្វើការ ដោយប្រើប្រាស់កម្លាំងចំនួន ២៦៥នាក់ នៅគោលដៅសំខាន់ៗតាមបណ្តោយផ្លូវជាតិលេខ១ មុខរោងចក្រលូថៃ ក្រុងស្វាយរៀង មុខតំបន់សេដ្ឋកិច្ចសានតុង, នាគរាជ, តាយសេង, តាយសេង១ និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្នុងក្រុងបាវិត។
លោកឧត្តមសេនីយ៍ ក៏បានចុះទៅផ្សព្វផ្សាយពន្យល់ពីច្បាប់ចរាចរណ៍ ដល់អ្នកបើករថយន្តដឹកកម្មករដោយផ្ទាល់ ដើម្បីឲ្យពួកគាត់មានការយល់ដឹង អំពីច្បាប់ដ៏សំខាន់នេះ។ ក្រៅពីនេះ ក្រុមការងាររបស់លោកឧត្តមសេនីយ៍ ក៏បានណែនាំពីលក្ខណៈបច្ចេកទេសរថយន្ត ដែលតម្រូលឲ្យអ្នកបើកបរត្រូវមានក្រមសីលធម៌ ក្នុងការបើកបរ ហើយចេះយោគយល់គ្នា បើកបរមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ត្រូវប្រកាន់ស្តាំជានិច្ច ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។
ក្រុមការងារ ថែមទាំងបានឲ្យអ្នកបើកបរឡានដឹកកម្មករ «ធ្វើកិច្ចសន្យាអនុវត្តនូវសីលធម៌ ១០ចំណុច» ដែលដាក់ចេញដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផងដែរ។
សូមរម្លឹកថា មុនថ្ងៃចុះយុទ្ធនាការនេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការហ្វឹកហាត់ពីរបៀបបញ្ជា និងសម្រួលយានយន្តដល់កងកម្លាំង និងមានបំពាក់ឧបករណ៍ សម្ភារៈ ដូចជាកញ្ចែ ពិលចរាចរណ៍ និងសាជី ព្រមទាំងឯកសណ្ឋាន ដែលបានពីការច្នៃប្រឌិតរបស់ លោកឧត្តមសេនីយ៍ កឹង ឃន៕