(ភ្នំពេញ)៖ នៅវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ ក្រសួងបរិស្ថាន សហការជាមួយមូលនិធិ Hemispheres នឹងរៀបចំពិធីបើកកិច្ចកំពូលយុវជនពិភពលោក ២០១៧ ក្រោមប្រធានបទ «បរិស្ថានស្អាតគឺផ្ដើមចេញពីយុវជន»។

កិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីយុវជនប្រមាណ២០០នាក់ ក្នុងនោះមានយុវជនកម្ពុជា និងយុវជនមកពីខេត្តបណ្ដាប្រទេសសមាជិកអាស៊ាន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះបានឲ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំយុវជន និងជួយជំរុញការរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បរិស្ថាន និងសុខុមាលភាពសង្គម។

កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (GYS) នឹងធ្វើឡើងចំនួនពីលើក លើកទី១ ធ្វើនៅរាជធានីភ្នំពេញចាប់ពីថ្ងៃ១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅខេត្តសៀមរាប ចាបពីថ្ងៃ១៣-១៥ ខែកក្ដដា ឆ្នាំ២០១៧៕