(ព្រះសីហនុ)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសតែងតាំង លោក ជាវ វិជ្ជាក់ ជាអភិបាលរងខេត្តព្រះសីហនុ ជំនួសលោក សុខ ផន ដែលត្រូវបានដល់អាយុចូលនិវត្តន៍។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា នេះគឺជាការបំពេញកម្លាំងមន្ត្រីដឹកនាំក្នុងជួរ គណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួយការងារតាមផ្នែកនិមួយៗ ដែលបច្ចុប្បន្ននេះកំណើនការងារកាន់តែមានច្រើនឡើងៗ សម្រាប់ជំរុញដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចូលរួមបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុ។
លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្ដាំផ្ញើឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ខិតខំបំពេញភារកិច្ចតាមតួនាទី និងតាមមុខងារ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិ។
លោក ព្រុំ សុខា បានលើកឡើងអំពីកំណែទម្រង់នៃគោលនយោបាយ និងការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាដំណើរការប្រកបដោយភាពជាក់ស្ដែង ត្រឹមត្រូវ តាមស្ថានភាពវិវត្តន៍របស់រាជធានីខេត្ត។
សូមបញ្ជាក់ថា ការតែងតាំងអភិបាលរងខេត្តនេះ បានធ្វើឲ្យអភិបាលតួនាទីអភិបាលរងខេត្តមានចំនួន៦រូប ដើម្បីបំពេញភារកិច្ចទៅតាមតួនាទី និងមុខងារ របស់រដ្ឋបាលខេត្តព្រះសីហនុ៕