(បន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន៤៤នាក់ ត្រូវបានអាជ្ញាធរថៃដេញស្ទាក់ និងឃាត់ខ្លួនបាន នៅពេលពួកគេកំពុងលួចឆ្លងដែនខុសច្បាប់ ទៅរកការងារនៅប្រទេសថៃ តាមរយៈមេខ្យល់ជនជាតិខ្មែរ។
ការឃាត់ខ្លួនពលករខ្មែរទាំងនេះ បានធ្វើឡើងនៅក្នុងទឹកដីខេត្តស្រះកែវ ប្រទេសថៃ តាំងពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ខណៈពលករកំពុងធ្វើដំណើរតាមរថយន្តចំនួន២គ្រឿង។
សមត្ថកិច្ចកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះថា ក្រុមសមត្ថកិច្ចថៃខេត្តស្រះកែវ បានសហការជាមួយយោធាការពារព្រំដែន ដោយចេញល្បាតដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពេលនោះក៏បានប្រទះឃើញរថយន្តចំនួន២គ្រឿង ដែលបានបើកបរយ៉ាងលឿន ក្នុងទិសដៅពីព្រំដែនកម្ពុជា ឆ្ពោះទៅក្នុងប្រទេស ត្រង់ចំណុចគោកធ្យូង ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។
ភ្លាមៗនោះដែរ កម្លាំងតម្រួតបានដេញតាមរថយន្តទាំងនោះ ដោយបានផ្តល់សញ្ញាឲ្យរថយន្តបញ្ឈប់។
ពេលកំពុងប្រតិបត្តិការតាមចាប់នោះ រថយន្តដឹកពលករ បានបន្ថែមល្បឿន ព្រមទាំងបានបំបែកផ្លូវគ្នា តែសមត្ថកិច្ចថៃបានដេញស្ទាក់ រហូតឈានដល់ការដាក់ប៉ារ៉ាស់ឃាត់ទើបរថយន្តទាំង២គ្រឿងឈប់។
សមត្ថកិច្ចបន្តថា អ្នកបើករថយន្តដឹកពលករខ្មែរទាំង២នាក់ ជាជនជាតិថៃ និងរស់នៅខេត្តឈុនបុរី។ ក្នុងរថយន្តរបស់ពួកគេបានញាត់មនុស្សណែនហួសពីការស្មាន ព្រោះរថយន្ត១គ្រឿង មានរហូតដល់២៧នាក់ ដែលក្នុងរថយន្តនីមួយៗ សុទ្ធតែមានកាបូប និងសាក់កាដូដាក់ខោអាវពេញ។
ពលករខ្មែរបានឲ្យដឹងថា ពួកគាត់រស់នៅក្នុងខេត្តសៀមរាប ហើយការធ្វើដំណើរមកនេះដោយសារតែមានការទាក់ទង ជាមួយនឹងមេខ្យល់ខ្មែរម្នាក់ បានប្រាប់ថា ឲ្យនាំគ្នាចូលតាមច្រករបៀងឆ្លងដែនចូលទៅក្នុងទឹកដីថៃ ពេលនោះនឹងមានរថយន្តនៅរង់ចាំជាស្រេច រួចនឹងជូនទៅដល់ទីក្រុងបាងកក រកការងារធ្វើដោយគ្រាន់តែចំណាយលុយម្នាក់ៗ ២៥០០បាត។
អ្នកបើករថយន្តជនជាតិថៃ ក៏បានសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តឲ្យគេតែប៉ុណ្ណោះ គឺគេឲ្យមកចាំដឹកពលករខ្មែរពីខ្សែបន្ទាត់ព្រំដែន ឆ្ពោះទៅកាន់ទីក្រុងបាងកកទើបអាចបានទទួលប្រាក់កម្រៃ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ រកមុខមេខ្យល់ខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដើម្បីដោះស្រាយនៅចំពោះមុខច្បាប់ជាធរមាន៕