(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានដាក់ផែនការឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្ក្រាបករណីជួញដូរគ្រឿងញៀន និងករណីបំផ្លាញធនធានធម្មជាតិ ឲ្យមានប្រសិទ្ធិភាពឲ្យខានតែបាន។
ថ្លែងដាក់ចេញនូវផែនការបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានថ្លែងថា «ករណីគ្រឿងញៀននេះ ជាករណីមួយស្មុគស្មាញណាស់ ដោយសារតែឈ្មួញបានប្រើគ្រប់រូបភាពលាក់លៀមយ៉ាងសំងាត់ តែទោះជាយ៉ាងណា សមត្ថកិច្ចរបស់យើងធ្វើការបង្រ្កាបបានជាបន្តបន្ទាប់ ជាក់ស្តែងនៅដើមខែមករាឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចរបស់យើងបង្រ្កាបបានក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន៩នាក់ នៅក្រុងព្រះវិហារ ដែលពួកគេភាគច្រើនជាកម្មករសំណង់»។
លោកអភិបាលខេត្តបន្ថែមថា «ដោយឡែក ចំពោះធនធានធម្មជាតិ ត្រូវតែរក្សាឲ្យបានដោយធ្វើការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ ការជួញដូរសត្វព្រៃ និងការរុករានធ្វើអាជីវកម្មរ៉ែ ដោយខុសច្បាប់ ចំពោះសមត្ថកិច្ចដែលមានការពាក់ព័ន្ធ និងបញ្ហានេះត្រូវដកខ្លួនថយនៅឲ្យឆ្ងាយ»។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ មិនត្រូវអវត្តមានពីក្រុងស្រុករបស់ខ្លួន ឡើយលើកលែងតែមានករណីប្រជុំនៅភ្នំពេញ ដែលដាក់មកចំឈ្មោះទើបអាចទៅបាន បើមិនមានករណីចាំបាច់ទេ ត្រូវចាត់អភិបាលរងឲ្យទៅជំនួស គឺត្រូវនៅដឹកនាំក្នុងនាមគណៈបញ្ជាការក្រុង-ស្រុក ដឹកនាំកម្លាំងបង្ក្រាបករណីទាំង២ខាងលើឲ្យមានប្រសិទ្ធភាព។
លោកបានសង្កត់ធ្ងន់ថា ចំពោះប្រធានមន្ទីរអង្គភាពណាដែលអវត្តមានក្នុងការចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រយៈពេល២ដង ត្រូវធ្វើរបាយការណ៍ទៅរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ននោះ ដើម្បីចាត់វិធាកការតាមផ្លូវច្បាប់៕