Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាក្តីខ្មែរក្រហម ប្រកាសបិទបញ្ចប់សវនការលើភស្តុតាងសំណុំរឿង០០២/០២ ប្រឆាំងលោក នួន ជា និងខៀវ សំផន

11-01-2017 14:03

(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហម បានបញ្ចប់សវនការលើភស្តុតាង នៅក្នុងសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងបទចោទប្រកាន់ស្តីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្ស៊ីណែវ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបន្ថែមឲ្យដឹងថា អង្គជំនុំជម្រះបានកំណត់កាលបរិច្ឆេទ សម្រាប់ដាក់សារណាបិទបញ្ចប់កិច្ចពិភាក្សា ដេញដោលជាលាយលក្ខណ៍អក្សរ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ កាលបរិច្ឆេទសម្រាប់បណ្តឹងទាមទារសំណង ចុងក្រោយរបស់សហមេធាវី នាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

ចំណែកសេចក្តីសន្និដ្ឋានផ្ទាល់មាត់ នឹងបិទបញ្ចប់កិច្ចពិភាក្សាដេញដោលនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ដោយសហមេធាវីនាំមុខតំណាង ដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល០១ថ្ងៃ ដើម្បីបង្ហាញសេចក្តីសន្និដ្ឋានរបស់ខ្លួន។

អង្គជំនុំជម្រះនឹងចេញសាលក្រមក្នុងសំណុំរឿង ០០២/០២ នៅក្នុងរយៈពេលសមស្របខាងមុខ៕