(កំពង់ធំ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារថ្នល់បត់ ភូមិថ្នល់បត់ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារថ្នល់បត់នេះ គឺបានរកឃើញទឹកដោះគោ ខូចគុណភាព ចំណុះ ១២៥ml ចំនួន៤៨ដុំ ផលិតនៅប្រទេសថៃ, ទឹកផ្លែឈើ ម៉ាក Fanta ចំណុះ ២៤០ml ចំនួន១១កំប៉ុង, ទឹកក្រូច ចំណុះ ២០០ ml ចំនួន១៧ដប,ទឹកក្រូច ចំណុះ១,២៥ ml ចំនួន១ដប ចាហួយដូង មួយកញ្ចប់ធំ ស្មើនិង៩កញ្ចប់តូច ត្រីខ ចំនួន១៩កំប៉ុង ផលិតនៅប្រទេសថៃ ប៊ើចំនួន ៨ដុំ ទឹកសណ្តែក ចំណុះ២៥០ml ចំនួន៦ដុំ ផលិតនៅប្រទេសថៃ ទឹកស៊ីអ៊ីវ ចំណុះ២០០ml ចំនួន៦ដប។ ក្រោយពីការរឹបអូសបាន ទំនិញខូចគុណភាពដែលដកហូត ពីអាជីវករលក់ដូរនឹងយក ទៅកំទេចចោល។ ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូល បានសំណូមពរដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីដែលចុះទៅពិនិត្យ និងដកហូតទំនិញ ខូចគុណភាពទាំងនោះព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។
ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕