(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ក្រសួងបានជួយសម្រួលដោយស្នើសុំទិដ្ឋាការជូនពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃជិត១សែននាក់។
របាយការណ៍បានឲ្យដឹងថា ក្រសួងការបរទេស បានជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បានចំនួន «៩៧,១០២នាក់»។
ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ នៅប្រទេសថៃ បានអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរស្របច្បាប់ចំនួន ២៦០នាក់។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅថៃ ក៏បានសម្រួលមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំនួន ១៣៩នាក់ ក្នុងនោះ ១១០នាក់ រស់នៅនិងធ្វើការស្របច្បាប់, ២នាក់ គាត់បានក្លែងត្រាខុសច្បាប់, ២២នាក់ បានចូលកាប់ព្រៃឈើខុសច្បាប់ និង៥នាក់ទៀតរងនូវការរំលោភបំពានពីសំណាក់និយោជក។
សូមជម្រាបថា សម្រាប់នៅឆ្នាំ២០១៥ កន្លងទៅ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ បានចំនួន «៦៨,១៧៤នាក់» ផងដែរ៕