(ភ្នំពេញ)៖ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ អគ្គលេខាធិដ្ឋាននៃរដ្ឋសភា មិនទាន់ទទួលបានលិខិត ឬដំណឹងណាមួយអំពីការជួបគ្នារវាង ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅឡើយទេ។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។
កាលពីសប្តាហ៍មុន សម្តេចក្រឡហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅកាន់លោក កឹម សុខា ថាការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សទាំងពីរ នឹងអាចធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។
ការបញ្ជាក់របស់សម្តេច ស ខេង បានធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពី លោក កឹម សុខា ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើលិខិតមួយ ដោយស្នើឱ្យមានជំនួបនៅក្នុងខែមករានេះ ដើម្បីជជែកពិភាក្សាការងារមួយចំនួន៕