(បន្ទាយមានជ័យ)៖ ដូចតាមការសន្យា លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានចាត់ឲ្យក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ យកថវិកាលើកទឹកចិត្ត២០០ដុល្លារ ប្រគល់ជូនយុវតីពិការទាំង២។
លោក ស សុខា បានបញ្ជាក់ថា នៅលើFacebook របស់លោកថា «ក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានយកថវិកា ដែលខ្ញុំបាទ បានសន្យាថានឹងឧបត្ថម្ភប្អូនស្រីពិការដៃទាំង២ ក្នុងខេត្តបន្ទាយមានជ័យកាលពីកន្លងទៅ នេះជាប្រាក់ឧបត្ថម្ភសម្រាប់ ខែមករា ឆ្នាំ២០១៧។ ថវិកា២០០ដុល្លារសម្រាប់ប្អូនស្រី មិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែជាការគាំទ្រផ្នែកស្មារតី ដែលប្អូនជានារីផង កាយសម្បទាពុំគ្រប់គ្រាន់ផង បែរជាជំនះបន្តការសិក្សារហូតដល់ថ្នាក់ទី១០ និងមានឆន្ទៈបន្តរហូតឧត្ដមសិក្សាទៀត»។
លោក ស សុខា បន្ថែមថា «ដូចខ្ញុំបានសន្យាអីចឹងកាលចុះទៅពិនិត្យស្ថានភាពប្អូនស្រីដោយផ្ទាល់ ដល់គេហដ្ឋាននោះថា ខ្ញុំនឹងបន្តឧបត្ថម្ភគាំទ្រប្អូនទៀតពេលប្រលងបាក់ឌុបជាប់ ចូលរៀនមហាវិទ្យាល័យ។ សូមជូនពរប្អូនស្រីជោគជ័យ!»៕