(ភ្នំពេញ)៖ រថយន្តយីឌុបធន់យក្សមួយគ្រឿង បើកបរដោយមិនបានទំលាក់បែនចុះ បណ្តាលឲ្យទាក់និងខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកដីធន់យក្សបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយយីឌុកប្រភេទដឹកដី មានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ3C1753
បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ករខាងលើ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវទំនប់កប់ស្រូវ ដោយមិនបាន
ទំលាក់បែនចុះស្រាប់ តែមកដល់ចំណុចកើតហេតុ រថយន្តនោះបើកក្នុងល្បឿនលឿនផងនោះ ក៏បណ្តាលឲ្យទាក់ទៅ និងខ្សែភ្លើងដែលកាត់ទទឹង ផ្លូវបណ្តាលឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម ទាំងព្រលឹមអុលតែម្តង ផ្អើលសមត្ថកិច្ចដេញចាប់ព្រោងព្រាត តែតៃកុងបើករថយន្តបង្ករនោះបានព្យាយាម បើកទ្វារត់បាត់ស្រមោលសូន្យឈឹងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕