(រតនគិរី)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោក ផុន ខេមរិន្ទ ជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ជំនួសលោក ជូ សុភក្រ្ដ ដែលត្រូវបានផ្ទេរភារកិច្ច។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី សាយ សំអាល់ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់ ប្រធានមន្ទីរបរិស្ថានថ្មី ឲ្យខិតខំយកចិត្តទុកដាក់ចំពោះការងារ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង យកចិត្តទុកដាក់លើការងារគ្រប់គ្រង និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ បន្តកិច្ចការងារទំនាក់ទំនងឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូរអង្គការសង្គមស៊ីវិលនានា។
សូមបញ្ជាក់ថា លោក ជូ សុភក្ដ្រ ត្រូវបានផ្ទេរភារកិច្ច ទៅកាន់ប្រធាននាយកដ្ឋានអភិរក្សធនធានធម្មជាតិ ដែនគោកខាងកើតទន្លេមេគង្គ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានវិញ៕