(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំនេះ ក្រោយកម្លាំងនគរបាលស្រុកស្នូល ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេង ស្រីវ័យអនីតជន អាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូតដល់ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅភូមិក្រញូងសែនជ័យ ឃុំក្រញូង ស្រុកស្នួល។
មន្ដ្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ស៊ុ ឡឹម អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ស៊ីឈ្មួលដកដំឡូង នៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងមានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោកកែវ ចាន់ធី ប្រធានការិយាលយ័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទី៨ ខែមករា ក្រោយពីទទួលបានពាល្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ។
ក្នុងរបាយការណ៍នគរបាលបន្ថែមថា ជនសង្ស័យ និងគ្រួសារក្មេងស្រីរងគ្រោះជាអ្នកក្បែរខាងនិងគ្នា ហើយផ្ទះជីដូនក្មេងស្រីរងគ្រោះមានលក់គ្រឿងទេស នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី៨ ខែមករា ជនសង្ស័យបាន ដើរមកទិញស្រាស២លីត្រ យកទៅផឹកនៅរោងកម្មករ លុះមួយសន្ទុះក្រោយមក ជនល្មើសបានហៅក្មេងស្រីរងគ្រោះ ឲ្យយកស្រាបៀរចំនួន៣កំប៉ុង ទៅឲ្យរូបគេនៅរោងកម្មករ ខណៈដែលក្មេងស្រីរងគ្រោះដើរយកស្រាបៀរទៅឲ្យជននេះដល់រោង ស្រាប់តែជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះ ធ្វើសកម្មភាពរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីរងគ្រោះស្រែកហៅ។
របាយការណ៍ដដែលបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពជននេះបានគំរាមក្មេងស្រីរងគ្រោះ និងសម្លាប់ចោលមួយពូជ បើសិនជាយករឿងនេះ ប្រាប់គេ។ យោងតាមចម្លើយសារភាព របស់ជនជាប់សង្ស័យបានប្រាប់នគរបាលថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានសម្រេចរហូតដល់ទៅ៣ដង ពិតប្រាកដមែន៕