(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ខ្លួនបានប្រមូលចំណូលពន្ធ បានចំនួន១,៧៤៥លានដុល្លារ បង់ចូលថវិកាជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអង្គភាព Fresh News ទទួលបាន។
ប្រភពព័ត៌មានដដែលបានបង្ហាញថា «ចំណូលសរុបប្រមូលដោយគយ ក្នុងឆ្នាំ២០១៦ សម្រេចបានជាង ៧,០៧៦ប៊ីលានរៀល ដែលស្មើនឹងប្រហែល ១,៧៤៥ លានដុល្លារអាមេរិក មានកំណើនប្រមាណ ១០.៥% ធៀបនឹងចំណូលឆ្នាំ២០១៥»។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០១៦ ចំណូលប្រមូលដោយគយមានប្រមាណ ៦១៤.៣ប៊ីលានរៀល ស្មើនឹងប្រមាណ ១៥១.៧លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១១.២% ធៀបនឹងខែវិច្ឆិកាឆ្នាំ២០១៦ ប៉ុន្តែបានថយចុះប្រមាណ៥.៨% ធៀបនឹងខែធ្នូឆ្នាំ២០១៥។
ក្នុងឱកាសប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែធ្នូ និងលទ្ធផលបូកសរុបប្រចាំឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានលើកឡើងនូវសមិទ្ធផលនានាពាក់ព័ន្ធនឹងការងារគយផ្សេងទៀត រួមទាំងផែនការសកម្មភាពឆ្នាំ២០១៧ ដោយផ្តោតលើ៥គោលដៅ៖
១៖ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយ
២៖ ការពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ
៣៖ ការពង្រឹងអនុលោមភាពការងារបច្ចេកទេសគយ
៤៖ ការធ្វើវិចារណកម្មគោលនយោបាយគយ
៥៖ ការពង្រឹងអភិបាលកិច្ចអង្គភាពគយ ដែលក្នុងចំណោមគោលដៅទាំង៥នេះ មាន២១សកម្មភាពត្រូវអនុវត្ត។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតី ទទួលខុសត្រូវនិងការលះបង់ របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប។ ទន្ទឹមនេះ លោកក៏បានទទួលស្គាល់ នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលខាងមុខ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានធ្វើការណែនាំសម្រាប់ជាទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ២០១៧ ដោយសង្កត់ធ្ងន់លើការងារចំនួន០៧ ចំណុចរួមមាន៖
១៖ បន្តពង្រឹងអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវប្រកាន់ខ្ជាប់អភិក្រមការងារទាំង៤ ប្រការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
២៖ ពង្រឹងប្រសិទ្ធភាព នៃការវាយតម្លៃលទ្ធផលការងារ ដែលសម្រេចបាន ដើម្បីកសាងផែនការសកម្មភាពសម្រាប់ឆ្នាំថ្មី ឲ្យមានលក្ខណៈប្រាកដនិយម និងចំគោលដៅ។
៣៖ ស្វះស្វែងរកប្រភពចំណូល ឬសក្តានុពលដែលនៅសេសសល់ ដើម្បីកៀរគរចំណូលចូលថវិកាជាតិបន្ថែមទៀត រួមមានការជំរុញអនុលោមភាពនៅចុងទី តាមរយៈការត្រួតពិនិត្យលើមុខសញ្ញាទំនិញ ដែលមានហានិភ័យចំណូលខ្ពស់។
៤៖ បន្តការអនុវត្តឲ្យបាននូវការសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការនាំចូល ផលិតផលតេលសិលា ដោយបានលុបចោលទាំងស្រុង ការនាំចូលតាមផ្លូវគោក។ ក្នុងន័យនេះ នាយកដ្ឋានរដ្ឋាករ និងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ត្រូវរួមគ្នាទប់ស្កាត់ឲ្យអស់លទ្ធភាព នូវការរត់ពន្ធប្រេងតាមគ្រប់រូបភាព រួមទាំងតាមភូមិសាស្ត្រសមុទ្រ។
៥៖ ការបន្តអនុវត្តជាប្រចាំ នូវវិធានការនានាដូចជា ការពង្រឹងរដ្ឋបាលគយ គោលនយោបាយគយពាក់ព័ន្ធនឹងពន្ធអាករ កិច្ចសម្រួលពាណិជ្ជកម្ម និងការងារបច្ចេកទេសគយ ពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ យថាប្រភេទ ដើមកំណើតនិងបរិមាណទំនិញជាដើម។
៦៖ បន្តពង្រឹងកិច្ចសហការផ្ទៃក្នុង អង្គភាពគយនិងរដ្ឋាករ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ។
៧៖ ពង្រឹងប្រសិទ្ធ-ភាពការងារបង្ការ, ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ ដែលជាការងារគន្លឹះដ៏សំខាន់ ក្នុងការជំរុញអនុលោមភាពសារពើពន្ធ៕