(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេត និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្ត លោក នួន សាន កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានបើកប្រតិបត្តិការក្តៅៗ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី២កន្លែង និងល្បែងជល់មាន់១កន្លែង ឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់ ផ្អើលពេញក្រុងបាត់ដំបង ។
ក្នុងករណីទី១ នៅចំណុចក្រុមទី៤២ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង និង ករណីទី២ នៅចំណុច ក្រុមទីភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល កំលាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
ការចុះប្រតិបត្តិការក្តៅៗនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះសហការជាមួយ កម្លាំងក្រុមបង្ការបង្ក្រាប ការិយាល័យព្រហ្មទណ្ទកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ និងលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ស្ថិតនៅចំណុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានប្រាប់ឲ្យដឹងថា ក្នុងករណីទី១ ឃាត់ខ្លួនបានសង្ស័យចំនួន៥នាក់រួមមាន៖ ជនសង្ស័យទី១ ឈ្មោះ សាំ វៃឃឿនភេទប្រុស អាយុ២៩ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុង/ខេត្ត បាត់ដំបង (មេកា) ទី២ ឈ្មោះ សៀ ចាន់ថុល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទី៣ឈ្មោះ យ៉ត លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅវត្ត លៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ទី៤ឈ្មោះ ជ័រ មុនី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន និងទី៥ ឈ្មោះ ជួន មិត្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។ ដកហូតវត្ថុតាងបាន ទូហ្គេមបាញ់ត្រីចំនួន២ទូ។
លោកស្នងការរងបន្តថា និងករណីទី២ ឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់រួមមាន៖ទី១ឈ្មោះ ឃួន សុខ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ទី២ ឈ្មោះហេង ប៊ុនឈឺត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ទី៣ ឈ្មោះ ស៊ុង សុមនោរ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ទី៤ ឈ្មោះ នួន សូត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ទី៥ ឈ្មោះ យ៉ៃ យ៉ត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ ជ្រោយម្ទេសឃុំតាម៉ឺន ទី៦ ឈ្មោះ ទុយ ប៉ន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន និងទី៧ ឈ្មោះមាន ម៉ៃ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាតុលិច ឃុំចាន់សរ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ ដកហូតវត្ថុតាងបានរួមមាន៖ មាន់ជល់ចំនួន៤ក្បាល កំរាលជល់មាន់១កំភ្លេ ស៊ុមមាន់២ ម៉ូតូចំនួន១៥គ្រឿង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំងអស់ខាងលើនេះ បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕