(ភ្នំពេញ)៖ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងទៅកាន់អ្នកគ្រូ លោកគ្រូ និងប្អូនៗសិស្សានុសិស្សពិការភ្នែកចំនួន ១១នាក់ ដែលអញ្ជើញមកពីអង្គការគ្រួសារថ្មី ខេត្តកំពង់ចាម ដែលមកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបថា ពិការភាព មិនមែនជាឧបសគ្គសម្រាប់ប្អូនៗ ដែលមានបំណងចង់បន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានោះទេ។
លោកបន្ដថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ដល់ប្អូនៗពិការភាពទាំងអស់ ដោយផ្តល់ឱកាសដល់ប្អូនៗ បានមកបន្តការសិក្សានៅទីនេះ ទៅតាមជំនាញដែលសមស្របទៅនឹងឧបនិស្ស័យ និងកាយសប្បទារបស់ពួកគាត់។ ជាក់ស្តែងថ្ងៃនេះ សាកលវិទ្យាល័យ បានអញ្ជើញគណៈគ្រប់គ្រង តាមការិយាល័យជំនាញ និងព្រឹទ្ធបុរសមួយចំនួន មកធ្វើបទបង្ហាញពីខ្លឹមសារនៃកម្មវិធីសិក្សា និងជួយប្រឹក្សាយោបល់ក្នុងន័យតម្រង់ទិស សម្រាប់ឱ្យពួកគាត់ ធ្វើសេចក្តីសម្រេចចិត្ត ក្រោយពីបញ្ចប់ការសិក្សានៅថ្នាក់មធ្យមសិក្សា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ឱ្យ ខិតខំសិក្សាបន្ថែមទៀត។
លោកស្រី សុខ ស្រីពៅ មន្ត្រីទទួលបន្ទុកខាងបណ្តុះបណ្តាលនៃអង្គការគ្រួសារថ្មី បានសំដែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែបានគាំទ្រដល់បេសកកម្មរបស់អង្គការគ្រួសារថ្មី ទាំងក្នុងពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសបានផ្តល់ឱកាសដល់ប្អូនៗមិនថាពិការភ្នែក គរ-ថ្លង់ បានមកបន្តការសិក្សានៅទីនេះ ដោយរកវិធីសាស្រ្តល្អៗ ក្នុងការផ្ទេរចំណេះដឹងដល់ប្អូនៗ ឱ្យទទួលបានលទ្ធផលនៃការសិក្សាដូចនិស្សិតផ្សេងៗទៀតផងដែរ។
លោកស្រីបានបន្តទៀតថា បច្ចុប្បន្នអង្គការមានការគាំទ្រពីគ្រឹះស្ថានអប់រំក្នុងស្រុកសរុបចំនួន១១ ក្នុងនោះឯកជនចំនួន០៦ សាធារណៈចំនួន ០៥ រួមទាំងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មួយផងដែរ ហើយសិស្សានុសិស្ស ដែលពិការភ្នែក ក៏មានការលើកទឹកចិត្ត និងផ្តល់ឱកាសការងារពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ នៅពេលដែលពួកគាត់បានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយអទិភាពខ្ពស់ ក្នុងការដាក់ពាក្យប្រឡង ចូលក្នុងក្របខណ្ឌក្រសួងនានា ទៅតាមជំនាញរបស់ពួកគាត់។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានផ្តល់ជំនាញចំនួន៣សម្រាប់ឱ្យប្អូនៗពិការភ្នែក ធ្វើការជ្រើសរើសបន្តការសិក្សា លើកម្រិតថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដូចជា ជំនាញគ្រប់គ្រង ជំនាញភាសាអង់គ្លេស និងជំនាញនីតិសាស្រ្ត។ ក្រៅពីជំនាញទាំងបីនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានផ្តល់ឱកាសដល់និស្សិតគរ-ថ្លង់បានសិក្សាលើជំនាញមួយទៀត គឺ ជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ ដែលមកដល់ពេលនេះមាននិស្សិតជាច្រើន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងកំពុងបន្តការសិក្សា ដល់ថ្នាក់អនុបណ្ឌិតថែមទៀតផង៕