(បាត់ដំបង)៖ តារាសម្ដែង និងជាអតីត Freshie Boy លេខ១ ថៃ នរ:ពិទូ និងភរិយា រួមទាំងបក្ខពួក ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន នៅក្នុងហាងខារ៉ាអូខេ «The Sound Family KTV» ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនទៅលើតារាសម្ដែងរូបនេះ ត្រូវបានធ្វើឡើងដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាខេត្ត ហើយលោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស បង្ក្រាបនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ហាងខារ៉ាអូខេ មួយកន្លែងឈ្មោះ «ដឺសោនហ្វាមីលី (The Sound Family KTV )» ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ដ្រីនគរបាលជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំង ឃាត់បានជនសង្ស័យ៦នាក់ ក្នុងនោះទី១៖ឈ្មោះ ថៃ នរ:ពិទូ អាយុ៣២ឆ្នាំ រស់នៅសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទី២៖ឈ្មោះ អោក រតនៈប៊ុណ្ណិកា អាយុ២៧ឆ្នាំ រស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ប្រពន្ធជនសង្ស័យ ថៃ នរពិទូ) ទី៣៖ឈ្មោះ ហេង យូសុង អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទី៤៖ឈ្មោះ ភា ប៊ុនហេង អាយុ៣២ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទី៥៖ឈ្មោះ ហាប់ សុវត្ថិ អាយុ២៩ឆ្នាំ រស់នៅក្រុងបាត់ដំបង និងទី៦៖ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង។
នគរបាលថា ក្រោយឃាត់ខ្លួនដកហូតបាន ថ្នាំញៀនប្រភេទ កេតាម៉ីន K ទម្ងន់០,៨៨ក្រាម, ថ្នាំងុយដេក Diazepam អំពូល ចំនួន២ អំពូល Diazepam គ្រាប់ចំនួន១៦បន្ទះ, សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន២, បំពង់ទុយោសម្រាប់បឺតចំនួន១ ដុំ, ថង់សម្រាប់ច្រកថ្នាំញៀន ក្រដាស់អាលុយមីញ៉ូមចំនួន១ដុំ និងសំបកថ្នាំមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
ដោយឡែក នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលមាន លោកព្រះរាជ អាជ្ញារង ប៉ង់ ចាន់សុយុទ្ឋារា បានដឹកនាំកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ឋចុះបិទទីតាំងខារ៉ាអូខេខាងលើ មិនឲ្យដំណើរការអាជីវកម្មដោយរង់ចាំការ ស្រាវជ្រាវស៊ើបអង្កេតបន្ត៕