(ភ្នំពេញ)៖ តួលេខផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរចិន បានទិញប័ណ្ណចូលទស្សនា តំបន់អង្គរច្រើនជាងគេបំផុត រហូតដល់ជិត៦៧ម៉ឺននាក់ កើនឡើង៣០% បើធៀបនឹងឆ្នាំ២០១៥ ខណៈប្រទេសកូរ៉េខាងត្បូង ជាប់លេខ២ មានចំនួនជិត២៥ម៉ឺននាក់ និងសហរដ្ឋអាមេរិក ជាប់លេខ៣ មានចំនួនជាង១៥ម៉ឺននាក់។
ដោយឡែកសម្រាប់ប្រទេសជាប់លេខ៤ គឺប្រទេសអង់គ្លេស មានចំនួនជាង១២ម៉ឺននាក់, លេខ៥ ប្រទេសជប៉ុន មានជាង១២ម៉ឺននាក់, លេខ៦ ប្រទេសបារាំង មានចំនួនជិត១០ម៉ឺននាក់, លេខ៧ ប្រទេសអូស្ត្រាលី មានចំនួនជាង៩ម៉ឺននាក់, លេខ៨ ប្រទេសថៃ មានចំនួនជាង៨.៥ម៉ឺននាក់, លេខ៩ ប្រទេសអាល្លឺម៉ង់ ជាង៧.៧ម៉ឺននាក់ និងលេខ១០ ប្រទេសវៀតណាម មានចំនួនជិត៧ម៉ឺននាក់។
សូមជម្រាបថា នៅឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន១៨៨ប្រទេស បានចូលមកទស្សនាតំបន់អង្គរ ស្មើនឹងជាង២លាននាក់។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេស ចំនួន ២,១៩៧,២៥៤ នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណចូលទស្សនាតំបន់អង្គរជូនភ្ញៀវបរទេសបានចំនួន ២៤៩,៤៨២នាក់ ប្រមូលចំណូលបាន ៧,១៦១,៣០០ដុល្លារ។
សូមជម្រាបថា បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ នាបច្ចុប្បន្នត្រូវបានកំណត់ជា៣ប្រភេទ រួមមានតម្លៃ២០ដុល្លារ ចូលទស្សនាបាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែចូលទស្សនា បាន៧ដង។
ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ទៅ គ្រឹះស្ថានអង្គរនឹងដំឡើងថ្លៃលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងនោះប័ណ្ណ ដែលចូលទស្សនាមាន ៣ប្រភេទ រួមមាន៖ ទី១.ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២.ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣.តម្លៃ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល ៣០ថ្ងៃ៕