(ភ្នំពេញ)៖ ប្រធាធនាគារចិន ប្រចាំទីក្រុងហុងកុង លោក YUE YI បានធ្វើការប្ដេជ្ញាបន្តរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា និងគោរពតាមបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានជាធរមាន។
ការប្ដេជ្ញាបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក YUE YI ប្រធាធនាគារចិន ប្រចាំទីក្រុងហុងកុង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅធនាគារជាតិនៃកម្ពុជា។
ក្នុងកិច្ចជំនួបនេះផងដែរ លោក ជា ចាន់តូ បានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការរីកចម្រើនរបស់ធនាគារចិន សាខាភ្នំពេញ ជាពិសេសសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៦កន្លងមក។
លោក YUE YI បានឲ្យដឹងថា ក្នុងទស្សនកិច្ចនៅកម្ពុជាធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការវិនិយោគនៅកម្ពុជា និងលទ្ធភាពពង្រីកប្រតិបត្តិការរបស់ធនាគារចិន បន្ទាប់ពីធនាគារចិនសាខាភ្នំពេញមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះដែរ លោកប្រធានធនាគារចិនប្រចាំទីក្រុងហុងកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែផ្តល់កិច្ចគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារចិនសាខាភ្នំពេញ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ និងសូមប្តេជ្ញាបន្តរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ នៅកម្ពុជា និងគោរតាមច្បាប់ និងបទប្បញ្ញត្តិនានារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានជាធរមាន៕