(បន្ទាយមានជ័យ)៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿង ប្រភេទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ ពេលកំពុងធ្វើដំណើរតាមដងផ្លូវ តែសំណាងណាស់ អ្នកជិះទាំងអស់ ត្រូវបានជម្លៀសទាន់រួចផុតពីគ្រោះថ្នាក់មួយនេះ។
គ្រោះថ្នាក់បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី ១០ មករា ឆ្នាំ២០១៧។
លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានមនុស្សជិះពេញ ក្នុងទិសដៅពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ហើយខណៈនេះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុកំពុងជួយពន្លត់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើងនោះទេ ហើយក៏មិនទាន់ដឹងថា រថយន្តខាងលើជារបស់ក្រុមហ៊ុនណាដែរ៕