Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាប់ MK82 របស់អាមេរិក ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅខេត្តត្បូងឃ្មុំ, មន្រ្តីស៊ីម៉ាក់ថា នៅមានគុណភាព១០០ភាគរយ

10-01-2017 18:55

(ត្បូងឃ្មុំ)៖ គ្រាប់ប្រភេទ MK82 ដែលប្រើសម្រាប់ទម្លាក់ពីលើយន្តហោះរបស់អាមេរិក ក្នុងសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញមួយគ្រាប់ទៀតហើយ នៅក្នុងដីចំការដំឡូងរបស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមមន្រ្តីស៊ីម៉ាក់នៅខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។

មន្រ្តីស៊ីម៉ាក់ប្រចាំការនៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលដំណឹងរបស់នគរបាលស្រុកតំបែរថា មានគ្រាប់នៅក្នុងភូមិសាស្រ្តដីចំការដំឡូង របស់ប្រជាពលរដ្ឋនោះ ក៏ក្រុមការងារក៏បាននាំគ្នាប្រញាប់ ចុះទៅពិនិត្យមើល ជាក់ស្តែង តាំងពីព្រឹកថ្ងៃទី៩ខែមករា ឆ្នាំ២០១៧ ហើយពេលចុះទៅដល់ឃើញថា គ្រាប់នោះ គឺនៅមានគុណភាព១០០ភាគរយ ថែមទាំងមិនទាន់ផ្ទុះទៀតផង។

មន្រ្តីស៊ីម៉ាក់បានបន្តទៀតថា គ្រាប់ប្រភេទ MK82នេះ ជាប្រភេទទម្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥  ដែលមិនបានផ្ទុះ ហើយកប់នៅក្នុងដីចំការ របស់ប្រជាពលរដ្ឋ បើនិយាយពីកម្លាំងរបស់គ្រាប់នេះ គឺមានឥទ្ធិពលខ្លាំងក្លាតែម្តង។

មន្រ្តីស៊ីម៉ាក់បានបញ្ជាក់ថា «ប្រសិនបើផ្ទុះវិញ ក្នុងបរិវេណ៥០០ម៉ែត្របួនជ្រុងមនុស្សនឹងត្រូវទទួលរងផលប៉ះពាល់ បណ្តាលឲ្យរបួស និងស្លាប់តែម្តង»។

ក្រោយត្រួតពិនិត្យចប់គ្រាប់នេះ ត្រូវបានក្រុមការងារស៊ីម៉ាក់យកលើកដាក់លើរថយន្តដោយមានការប្រុងប្រយ័ត្ន ហើយដឹកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការស៊ីម៉ាក់ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នសិនទៅតាមបច្ចេកទេស ដើម្បីជៀសវាងការផ្ទុះ។

បន្ទាប់មកនឹងដឹកបន្តយកទៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង ដើម្បីកម្ទេចចោល៕