(សៀមរាប)៖​ ​​ក្រោយបញ្ចប់ការទស្សនានៅប្រាសាទអង្គរវត្ត និងតំបន់ប្រាសាទនានា នៅក្នុងខេត្តសៀមរាប ​ប្រធានាធិបតី​សិង្ហបុរី លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំង​គណៈប្រតិភូ នៅវេលាម៉ោង៦៖២០នាទីព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានត្រលប់ទៅសម្រាក នៅសណ្ឋាគារ​សូហ្វីតែល​ ខេត្តសៀមរាប បន្ទាប់មកលោកនឹងទទួលទានអាហារពេលល្ងាច ដែលរៀបចំដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី​ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និង​រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ​។

​លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានា​ធិបតី​សិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។​​ នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕