(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន២ទីតាំង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្នុងស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងមា្នក់ទៀតរត់គេចខ្លួន ក្នុងនោះសមត្ថកិច្ចដកហូតបានថ្នាំញៀន៤០កញ្ចប់ និងថ្នាំគ្រាប់WY ២៨គ្រាប់។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ករណីទី១៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដឹកនាំដោយលោក ហម ភិរម្យ អធិការនគរបាលស្រុក ដឹកនាំកម្លាំងជាច្រើនរូប បានធ្វើការចុះបង្រ្កាបករណីចែកចាយគ្រឿងញៀន នៅចំណុច ភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនWYចំនួន២៦គ្រាប់។ លោកស្នងការបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន ទី១៖ឈ្មោះ ប៉ាក់ ដុំ អាយុ២៨ឆ្នាំ ទី២៖ឈ្មោះ ឆឺត ឈាក់ អាយុ២៨ឆ្នាំ ដោយឡែកសមត្ថកិច្ចបានបន្តចុះទៅចែកឆេផ្ទះជនសង្ស័យម្នាក់ទៀត ឈ្មោះ វឿន ឡាត់ អាយុ២៧ឆ្នាំ ប៉ុន្ដែជននេះបានលោតចុះពីលើ ផ្ទះរត់គេខ្លួនចូលព្រៃបាត់តែម្តង។
លោកស្នងការខេត្ត បន្ថែមថា ករណីទី២៖ អធិការនគរបាលស្រុកអន្លង់វែង បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ស្ថិតនៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១៖ឈ្មោះ រួន រ៉េន ហៅដូង អាយុ២៣ឆ្នាំ និងទី២៖ឈ្មោះ ថន ធា ហៅ ង៉ោល អាយុ២៣ឆ្នាំ ក្នុងនោះកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំប្រភេទមេតំហ្វេតាមីនICE ចំនួន៤០កញ្ចប់ និងប្រភេទមេតំហ្វេតាមីនWYចំនួន២គ្រាប់ ព្រមទាំងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕