(ភ្នំពេញ)៖ លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១០ ខែមករានេះថា គិតត្រឹមឆ្នាំ២០១៦ នៅកម្ពុជា មានអ្នកប្រើប្រាស់ Facebook ចំនួន៣.៤លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរជាង៧លាននាក់ មានស្មាតហ្វូនប្រើប្រាស់។
អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ថា សិត្ថិនៃការប្រើប្រាស់បណ្តាញសង្គម Facebook ៣.៤លាននាក់ និងក្នុងនោះអ្នកមានស្មាតហ្វូនប្រើប្រាស់ចំនួន ៤៨% នៃចំនួនប្រជាជនសរុប ប្រមាណជា១៥លាននាក់ នៅកម្ពុជាត្រឹមឆ្នាំ២០១៦។
លោកបន្តថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៦ នៅកម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត មានចំនួនសរុប ១៩,៤៥០,៥៤២នាក់ ខណៈប្រើទូរស័ព្ទអចល័ត (មានខ្សែ និងគ្មានប្រើប្រាស់ខ្សែ) មានចំនួនសរុប ២២៩,៩៦២នាក់។
លោកបន្ថែមថា ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅកម្ពុជា មានចំនួនសរុប ៧,៥៧៥,៨២២នាក់ ដោយរាប់បញ្ចូលទាំងអ្នកប្រើប្រាស់អ៊ីនធឺណិតចល័តចំនួនសរុប ៧,៤៧៨,៤៣៦នាក់ និងអ៊ីនធឺណិតអចល័តចំនួនសរុប ៩៧,៣៨៦ នាក់។
សូមជម្រាបថា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងប្រតិបត្តិការ នៅកម្ពុជារួមមាន៖ ប្រតិបត្តិករទូរស័ព្ទចល័តមានចំនួន៦, ប្រតិបត្តិករទូរស័ព្ទអចល័ត មានចំនួន៨ ដែលក្នុងប្រតិបត្តិករអចល័តមានខ្សែចំនួន៣ ប្រតិបត្តិករអ៊ីនធឺណិតចល័តមានចំនួន ៦ និងប្រតិបត្តិករអ៊ីនធឺណិតអចល័តមានចំនួន៣៥៕