(ភ្នំពេញ)៖ អំឡុងពេល លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាចូលបំភ្លឺនៅរដ្ឋសភា នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានស្នើឱ្យក្រសួងធម្មការដោះស្រាយអត្តសញ្ញាណបណ្ណ សម្រាប់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃអាចយក​ទៅប្រើប្រាស់​តាមលទ្ធភាព។

ប៉ុន្តែទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបខាងលើថា រដ្ឋមន្រ្តីក្រសួងធម្មការ បានអះអាងថា លោកនឹងយកសំណើនេះទៅពិចារណា ដោយមិនអាចធ្វើការសម្រេចភ្លាមៗបានទេ។

លោក យ៉ែម បុញ្ញឫទ្ធិ បាននិយាយថា «មួយទៀតដែលយើងបានស្នើសុំដែរ គឺស្នើឱ្យពិនិត្យ ឡើងវិញចំពោះការធ្វើអត្តសញ្ញាណបណ្ណសម្រាប់ព្រះសង្ឃ»។ លោក​បានបន្ថែមថា «លោក(រដ្ឋមន្រ្តី) នឹងយកទៅពិភាក្សាពិនិត្យគិត ដើម្បីដោះស្រាយបញ្ហានេះ»

លោកបានបន្ថែមថា កន្លងមកព្រះឆាយាល័ក្ខសម្រាប់ព្រះសង្ឃ ត្រូវបាន ធ្វើសម្រាប់សម្គាល់សង្ឃ ប៉ុន្តែពេលនេះ ដោយសារតែច្បាប់របស់កម្ពុជា បានផ្លាស់ប្តូរ ដោយយកអត្តសញ្ញាណបណ្ណជាគោល ដូច្នេះហើយទើបធ្វើឱ្យមាន ការលំបាក សម្រាប់ព្រះសង្ឃ៕