(រតនគិរី)៖ រថយន្តសេរីទំនើបម៉ាកTUNDRA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-9217 ដែលត្រូវបានគេស្គាល់ឈ្មោះ ហឿង ខឿង ជាអភិបាលស្រុកអូរជុំ ខេត្តរតនគិរី បានបើកបរក្នុងល្បឿនលឿន ខុសពីបទដ្ឋានបច្ចេកទេសល្មើសច្បាប់ចរាចរណ៍ ក្នុងផ្លូវបែកជាបួន ស្រាប់តែជ្រុលទៅបុករថយន្ត Nissan Navara បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅចំកណ្តាលទីរួមក្រុងបានលុង។
ក្នុងហេតុការណ៍ភ្ញាក់ផ្អើលគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបែកជាបួនទល់មុខការ៉ាស់សាំតេលា ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្ត Nissan Navaraពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AD-1785 បើកបរតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងទិសដៅពីលិចទៅកើត ល្បឿនមធ្យម អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ សេង ផាន់ណារ៉ា ភេទប្រុស មានទីលំនៅភូមិចែត្រ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី និងអ្នករួមដំណើរឈ្មោះ ឈិន ម៉េងហឿន (ប្រពន្ធនិងកូនតូច) មានមុខរបរ គ្រូបង្រៀននៅស្រុកបកែវ។
ពេលមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តម៉ាក TUNDRA របស់លោកស្រីអភិបាលស្រុកអូរជុំ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក្នុង (ផ្លូវតូចបែកជាបួន) បានបុកទៅលើ រថយន្តNissan Navara យ៉ាងពេញទំហឹងតែម្តងចំជំហៀងខាងឆ្វេង ធ្វើឲ្យរថយន្ត Nissan Navara វិល៣ជុំបែរក្បាលរថយន្តទៅលិចវិញខូចខាតយ៉ាងដំណំ សំណាងល្អពុំបានប៉ះពាល់ដល់អាយុជីវិតមនុស្ស នឹងអ្នកធ្វើដំណើរតាមដងផ្លូវ។
ក្រោយពេលកើតហេតុ លោកស្រីអភិបាលស្រុកអូរជុំ បានបើកទ្វារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ជើងគោកចុះមកអន្តរាគមន៍ ធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ចរាចរណ៍។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងទៀតថា គេតែងឃើញលោកស្រីអភិបាលស្រុកអូរជុំ បើកបររថយន្តខ្លួនឯង ក្នុងល្បឿនលឿន ប៉ុន្តែមិនសំណាងអាក្រក់ដូចថ្ងៃនេះ៕