(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការបញ្ចប់ការស៊ើបសួររបស់តុលាការ ប្រឆាំងនឹងសំណុំរឿង០០៣ តែភាគីពាក់ព័ន្ធនានាមានរយៈពេល៣០ថ្ងៃ ដើម្បីស្នើសុំការស៊ើបអង្កេតបន្ថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងថា «នៅថ្ងៃនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានជូនដំណឹងទៅភាគីសងខាងនៃសំណុំរឿង០០៣ថា កិច្ចស៊ើបសួររបស់តុលាការនៅក្នុងសំណុំរឿង០០៣នេះ បានបិទបញ្ចប់ហើយ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានចេញសេចក្តីសម្រេចផ្សេងមួយទៀត ដែលកាត់បន្ថយវិសាលភាពនៃការស៊ើបសួររបស់តុលាការពាក់ព័ន្ធនឹងលោក មាស មុត អនុលោមតាមវិធាន៦៦ស្ទួននៃវិធានផ្ទៃក្នុង។
គួរបញ្ជាក់ថា សេចក្តីជូនដំណឹងនាពេលនេះ គឺជាការបិទបញ្ចប់កិច្ចស៉ើបសួររបស់តុលាការ ដែលបានធ្វើឡើងរយៈពេលជាង៨ឆ្នាំ លើមាស មុត ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។
ការស៉ើបសួរប្រឆាំងលោក មាស មុត បានបើកកិច្ចដំណើរការនីតិវិធី បន្ទាប់ពីទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរលើកទី២ ដែលព្រះរាជអាជ្ញាអន្តរជាតិ បានដាក់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៩។ ក្រោយមក វិសាលភាពនៃការស៉ើបសួរនេះ ត្រូវបានពង្រីកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានដាក់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤៕