(ក្រុងហ្សូរិច)៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានបោះឆ្នោតសម្រេចបន្ថែមក្រុមលេងក្នុង World Cup រហូតដល់ទៅ ៤៨ក្រុមចាប់ពីឆ្នាំ២០២៦ តទៅ នេះបើយោងតាមសារព័ត៌មាន BBC របស់អង់គ្លេសចេញផ្សាយមុននេះបន្តិច។
សូមបញ្ជាក់ថា ការបោះឆ្នោតបន្ថែម១៦ក្រុម កើនដល់៤៨ក្រុមនេះ (បច្ចុប្បន្ន៣២ក្រុម) ត្រូវបានធ្វើឡើងនៅទីក្រុង Zurich ប្រទេសស្វីសនាល្ងាចថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ ក្រោមវត្តមានប្រធាន FIFA ថ្មីលោក Gianni Infantino និងសមាជិកទាំង ២០៨ប្រទេស ដែលសមាជិករបស់ស្ថាប័ន ដែលមិនគិតពីប្រាក់កំរ៉ៃមួយនេះ។
ការលេងក្នុងវគ្គ ៤៨នេះដែរ នឹងចាប់ផ្តើមប្រកួតវគ្គចែកពូលផ្តាច់ព្រ័ត្រចាប់ពីឆ្នាំ២០២៦តទៅ សម្រាប់ព្រឹត្តិការណ៍ដែល មានរយៈពេល ៤ឆ្នាំដោយពុំទាន់ រកឃើញម្ចាស់ផ្ទះនៅឡើយ គ្រាដែល World Cup 2018 ធ្វើនៅប្រទេសរុស្ស៊ី និង World Cup 2022 នៅប្រទេសកាតា នឹងបន្តធ្វើឡើង ៣២ក្រុមដដែល។
ចំនួនប្រកួតសរុបទាំង ៤៨ក្រុមក្នុង World Cup ចាប់ពីឆ្នាំ២០២៦ នឹងមានរហូតដល់ទៅ ៨០ប្រកួត និងត្រូវចំណាយពេលប្រកួត ៣២ថ្ងៃពេញ ខណៈដែលវគ្គ ៣២ក្រុមបច្ចុប្បន្នមានត្រឹមតែ ៦៤ប្រកួត និងចំណាយពេល ១ខែពេញ និងមានពេលសម្រាកផងដែរ ក្រោយបញ្ចប់វគ្គនីមួយៗ៕