(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់អនុសាសន៍ណែនាំដល់ កម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវតាំងចិត្តឧស្សាហ៍ព្យាយាមឲ្យបានខ្ជាប់ខ្ជួន កសាងខ្លួនជាមន្ត្រីស្មោះត្រង់ ស្អាតស្អំ សុភាពរាបសា ឆ្លាតវៃ និងក្លាហាន ដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនជាតិ និងការពារប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ការប្រកាសយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងនាមជាតំណាងរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពិធីបិទវគ្គបំប៉នការស៊ើបអង្កេតក្នុងរឿងក្តីព្រហ្មទណ្ឌ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នាបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមផងដែរពីលោកស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ផងដែរ។ នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ និងសិក្ខាកាម សរុប៨៩នាក់ ក្រោយបើកសិក្សា រយៈពេល២ថ្ងៃរួចមក ដោយសិក្សាអំពីការស៊ើបអង្កេត ក្នុងរឿងក្តីព្រហ្មទណ្ឌ។
វគ្គបំប៉ននេះមានរយៈពេល២ថ្ងៃស្មើនឹង១២ម៉ោង និងសិក្សាអំពីការស៊ើបអង្កេតក្នុងរឿងក្តីព្រហ្មទណ្ឌ។ លោក ស្វាយ សំណាង បានធ្វើបទបង្ហាញដល់សិក្ខាកាម ដោយលើកយកច្បាប់ និងបទពិសោធន៍ល្អៗអំពីការស៊ើបអង្កេត ព្រមទាំងលើកយកឧទាហរណ៍មកបញ្ជាក់ទៀងផង ដើម្បីឱ្យសិក្ខាកាមទាំងអស់ងាយយល់។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានដាក់អនុសាសន៍ណែនាំមួយចំនួន ដល់មន្រ្តីអាវុធហត្ថទូទាំងប្រទេស និងសិក្ខាកាមផងដែរ ក្នុងនោះរួមមាន៖
១.ការស្តាប់ចម្លើយធ្វើកំណត់ហេតុ ត្រូវដកស្រង់តាមដោយត្រឹមត្រូវ នូវសេចក្តីរាយការណ៍របស់បុគ្គលដែលអ្នកផ្តល់ចម្លើយ។ អ្នកស្តាប់ចម្លើយមិនត្រូវប្រើនូវអំពើហិង្សា ធ្វើទារុណកម្ម គម្រាមគំហែង និងបំភិតបំភ័យ ដើម្បីទទួលបានចម្លើយសារភាពនោះទេ ឬបង្ខំបុគ្គលដែលផ្តល់ចម្លើយ ឱ្យផ្តិតម្រាមដៃឡើយ។ យើងត្រូវខិតខំស្រាវជ្រាវរកវត្ថុតាង ដែលស៊ីសង្វាក់ទៅនឹងអង្គហេតុ នៃបទល្មើសជាការប្រសើរ។
២.ការឃាត់ខ្លួនគឺជាអំណាចដ៏សំខាន់ ដែលច្បាប់បានផ្តល់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាប្រយោជន៍ នៃការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ។ ប៉ុន្តែច្បាប់ក៏បានកំណត់អំពីថិរវេលា នៃឃាត់ខ្លួនដែរ គឺបានតែ៤៨ម៉ោង និងអាចពន្យារពេលបាន ២៤ម៉ោងទៀត ចំពោះបទឧក្រិដ្ឋ។ កាលណាមានការឃាត់ខ្លួនបុគ្គលណាមួយ យើងត្រូវប្រាប់ឱ្យដឹងអំពីមូលហេតុ នៃសេចក្តីសម្រេចឃាត់ខ្លួន ប្រាប់អំពីជំនួយរបស់មេធាវី និងអំពីជំនួយរបស់គ្រូពេទ្យ។
៣.រាល់ការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់ ការបំពានលើការសម្ងាត់នៃការស៊ើបអង្កេត គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ ទន្ទឹមនឹងនោះដែរ អស់លោកត្រូវតែគោរពវិធាន និងទម្រង់ការដែលបានបញ្ញត្តិនៅក្នុងមាត្រា នៃក្រមនីតិវិធីព្រហ្មទណ្ឌ បើមិនដូច្នេះទេ នឹងនាំឱ្យមានមោឃភាព នៃកិច្ចនីតិវិធី។
៤.បន្តធ្វើការសិក្សាស្រាវជ្រាវ ឈ្វែងយល់ និងរៀនសូត្របន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងយកពិសោធន៍នៅពេលអនុវត្តជាក់ស្តែង បង្កើនប្រសិទ្ធភាព និងគុណភាពការងារ ជាពិសេស ប្រសិនបើអស់លោកមិនយល់ច្បាស់ចំណុចណាមួយ អស់លោកអាចសុំសួរដោយផ្ទាល់ជាមួយ លោក ស្វាយ សំណាង។ ព្រោះច្បាប់ គឺកំណត់ឱ្យបុគ្គលគ្រប់រូបត្រូវតែគោរពតាមដាច់ខាត បើមិនគោរព ឬអនុវត្តខុសនឹងច្បាប់ ត្រូវតែទទួលការផ្តន្ទាទោសតាមច្បាប់។
៥.ពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង និងធ្វើសហប្រតិបត្តិការល្អជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងការបំពេញតួនាទី ភារកិច្ច ជាពិសេសធ្វើអំពីល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបាននូវទំនុកចិត្ត និងការផ្តល់ព័ត៌មានបទល្មើសផ្សេងៗ។
៦.«ត្រូវតាំងចិត្តឧស្សាហ៍ព្យាយាម ឲ្យបានខ្ជាប់ខ្ជួន និងកសាងខ្លួនជាមន្ត្រីស្មោះត្រង់ ស្អាតស្អំ សុភាពរាបសា ឆ្លាតវៃ និងក្លាហាន»។
៧.ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស ចូលរួមយុទ្ធនាការប្រយុទ្ធ និងបង្ក្រាបបទល្មើស ដូចជា ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច បង្ខាំងមនុស្សខុសច្បាប់ រំលោភសេពសន្ថវៈ ការប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀន, ការជួញដូរមនុស្សខុសច្បាប់, បទល្មើសធនធានធម្មជាតិ ការកាប់ ដឹកជញ្ជូន នាំចេញឈើខុសច្បាប់, ការរានដីរដ្ឋដោយខុសច្បាប់, អាជីវកម្មរ៉ែ និងខ្សាច់ខុសច្បាប់, ព្រមទាំងបទល្មើសជលផល។
លោកឧត្តមសេនីយ៍ឯកបានបន្តថា សិក្ខាកាមទាំងអស់ ត្រូវយកលទ្ធផលនៃចំណេះដឹង ដែលទទួលបាននេះ ទៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដោយគោរពច្បាប់ បទបញ្ជា វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិសេរីភាពមនុស្ស ព្រមទាំងរក្សាឲ្យបាននូវភាពថ្លៃថ្នូរ សក្តិសមជាមន្ត្រីប្រតិបត្តិច្បាប់ នៃកងរាជអាវុធហត្ថ៕