(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា គ្រោងនឹងសាងសង់អគារទីស្តីការរបស់ខ្លួន នៅជាប់នឹងពុទ្ធសាសនបណ្ឌិតវិញ នៅពេលខាងមុខនេះ។ នេះគឺជាអ្វីដែល លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបំភ្លឺជូន គណៈកម្មការទី៧នៃរដ្ឋសភា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយស្តាប់ការបំភ្លឺនេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបញ្ជាក់ថា ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានបញ្ជាក់ថា នៅពេលខាងមុខ ក្រសួងធម្មការនឹងសាងសង់អគារទីស្តីការនៅក្បែពុទ្ធសាសនបណ្ឌិត។

ចំណែកយអគារទីស្តីការចាស់ដែលនៅជាប់នឹងសាលាឧទ្ធរណ៍នោះ នឹងត្រូវប្រគល់ជូនពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ ដើម្បីពង្រីកសាកលវិទ្យាល័យវិញ។

លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានបញ្ជាក់ថា អគារទីស្តីការក្រសួងធម្មការ និងសាសនាថ្មី ដែលនៅជាប់នឹងពុទ្ធសាសនបណ្ឌិតនោះ នឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០១៨៕