Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ដែលបិទផ្សាយនៅឃុំសង្កាត់រៀងៗខ្លួន

10-01-2017 17:08

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ អំពាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយនៅតាមឃុំសង្កាត់រៀងៗខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បងប្អូន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលពេញចិត្ត និងជ្រើសរើសអ្នកដឹកនាំដែលដឹងពីសុខទុក្ខរបស់បងប្អូន។

ការអំពាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស លោកចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារពោធិ៍សាត់ និងបន្តចុះពិនិត្យផ្លូវមួយចំនួន ក្នុងក្រុងពោធិ៍សាត់។

លោកអភិបាលខេត្ត បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការសាងសង់ដំបូលផ្សារ លើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និងបន្លែបង្កាបន្តិចបន្តួចមកលក់ដូរ ព្រមទាំងបានបន្តដឹកនាំមន្ទីរជំនាញ និងអាជ្ញារធរក្រុង ចុះពិនិត្យមើល និងផ្តល់អនុសាសន៍ល្អៗ ជុំវិញការស្ថាបនាផ្លូវក្នុងក្រុងមួយចំនួន ដែលកំពុងឈូសឆាយចាក់កៅស៊ូបំពេញបន្ថែម ផ្លូវចាក់ប៉េតុង និងផ្លូវបើកថ្មីផងដែរ៕