(ភ្នំពេញ)៖ ទីបំផុតប្តីដែលវាយប្រពន្ធរហូតដល់ស្លាប់ ដោយបន្សល់ទុកកូនតូច៣នាក់ ឲ្យនៅកំព្រាឯការ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។

មន្ដ្រីតុលាការបានបញ្ជាក់ថា លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បុរសជាប្ដី ពីបទ «ហិង្សាដោយចេតនាមាន​ស្ថាន​ទម្ងន់​ទោស» ដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ទៅ១៥ឆ្នាំ។

គួររំលឹកថា មានការភ្ញាក់ផ្អើល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅមុខមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈបុរស​ម្នាក់ដែលអះអាងថា ជាប្តីបានដឹកប្រពន្ធតាមម៉ូតូរ៉ឺម៉កកង់បីដើម្បីសង្គ្រោះ តែត្រូវខាងគ្រូពេទ្យប្រាប់មិនឲ្យលើកចេញពីក្នុងម៉ូតូនោះទេ ដោយហេតុបានពិនិត្យ និងប្រទះ​ឃើញថា ការពិតនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យជាប្ដី បានបញ្ជាក់ថា នៅម៉ោងប្រមាណ ជាង១១យប់​ថ្ងៃទី៥ ខែមករា ខ្លួននឹងប្រពន្ធបានឈ្លោះប្រកែកគ្នា ដោយសាររឿងផឹកសីុ ហើយជនសង្ស័យបានយកវែកសម្ល វាយរហូតដល់ប្រពន្ធរងរបួសធ្ងន់ ហើយបានដាច់ខ្យល់​ស្លាប់ នៅម៉ោងប្រមាណ៥ទាបភ្លឺ ថ្ងៃទី៦ ខែមករានេះ។

លោកអធិការបញ្ជាក់ថា ពេលនោះជនសង្ស័យបានបញ្ជូនប្រពន្ធរបស់ខ្លួនមកមន្ទីរពេទ្យ ដោយប្រាប់គ្រូពេទ្យថា ប្រពន្ធដួលបោកក្បាលក្នុងបន្ទប់ទឹក ប៉ុន្ដែពេលនោះ ដំណឹង​នេះបានដឹងឮដល់សមត្ថកិច្ចរបស់មូលដ្ឋាន ហើយបានបើកការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះមិនស្លាប់ដោយសារដួលក្នុងបន្ទប់នោះទេ គឺជនជាប្ដីវាយរហូតដល់​ស្លាប់​។ បើតាមលោកអធិការ អ្វីដែលគួរឲ្យអាណិតនោះ គឺក្មេងតូចៗ៣នាក់ នៅកំព្រា ពីព្រោះម្តាយត្រូវស្លាប់ និងឪពុកត្រូវជាប់គុក។

បុរសជាប្តីមានឈ្មោះ សន អឿន អាយុ៣៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ រីឯប្រពន្ធដែលស្លាប់ឈ្មោះ ខេន ស្រីខួច អាយុ​២៧​ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ ពួកគេមានកូន៣នាក់ ក្នុងនោះប្រុស២។

បើតាមការឆ្លើយរបស់បុរសជាប្តីនោះថា ខ្លួនបានវាយប្រពន្ធកាលពីយប់ ខណៈមានជម្លោះ ព្រោះខ្លួននិងប្រពន្ធស្រវឹងស្រាដូចគ្នា នៅយប់ដដែលនោះ ប្រពន្ធខ្លួនបានសន្លប់ ក៏ត្រូវខ្លួនជួយកោសខ្យល់ឲ្យ។ លុះនៅព្រឹកថ្ងៃទី៦ ខែមករា ខ្លួនឃើញប្រពន្ធនៅតែមិនស្រួល ក៏បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ តែគេមិនទទួល ទើបបញ្ជូនបន្ត​មក​មន្ទីរពេទ្យបង្អែកពោធិចិនតុងតែម្តង៕