(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើការគ្រប់គ្រងសន្តិសុខជាតិ តាមរយៈការប្រើប្រាស់ បណ្តាញទូរគមនាគមន៍ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្តីទី នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងលោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរ គមនាគមន៍កម្ពុជា។
កិច្ចប្រជុំនេះបានធ្វើការពិភាក្សា លើប្រធានបទពីរ៖ ១-ការពិនិត្យឡើងវិញ លើការចាត់វិធានការ ចុះបញ្ជីស៊ីមកាតទូរស័ព្ទចល័ត ស្របតាមសារាចរអន្តរ ក្រសួងឆ្នាំ២០១២ និងការប្រើប្រាស់បណ្តាញ ទូរគមនាគមន៍ តាមរយៈវិធីការអ៊ីនធឺណិត (IP-internet protocol)។
អង្គប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីតំណាងប្រតិបត្តិករទូរស័ព្ទចល័តចំនួន៤ រួមមាន៖ Qb (CADCOMMS), Smart Axiata Co., Ltd. , Viettel (Cambodia).,Pte និង CamGSM Co.,Ltd។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍ លោក អ៉ឹម វុត្ថា បានប្រាប់អង្គភាពព័តមាន Fresh News ថា ក្នុងកិច្ចប្រជុំពិភាក្សានោះ «យើងធ្វើការណែនាំ ដល់ក្រុមហ៊ុនទូរស័ព្ទចល័ត ពិនិត្យឡើងវិញ ក្នុងការគ្រប់គ្រងការលក់ ចែកចាយស៊ីមកាតទូរស័ព្ទ និងការចុះបញ្ជីស៊ីមកាតភ្ជាប់ សេវាទូរស័ព្ទចល័ត ដែលនៅតែបន្តមិនយក អត្តសញ្ញាណបណ្ណ និងឯកសារសំគាល់អត្តសញ្ញាណ អ្នកជួលជាវស៊ីមកាត និងចាត់វិធានការលុបបំបាត់ ស៊ីមកាតទាំងឡាយណា ដែលមិនមានអត្តសញ្ញាណ»។
លោកបន្ថែមទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែរៀបចំប្រកាសបង្កើត ក្រុមការងារអន្តរក្រសួងមួយ ដែលមានសមាភាពមកពី អគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គស្នងការនគរបាលជាតិ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីចុះទៅពិនិត្យតាមបមាណីទូរស័ព្ទកណ្តាល (មជ្ឈមណ្ឌលទូរស័ព្ទ) របស់ប្រតិបត្តិករទូស័ព្ទចល័តទាំង៦ និងតាមដេប៉ូចែកចាយ និងកន្លែងលក់ស៊ីមកាត ដើម្បីធានាឲ្យបាន ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
បើតាម លោក អ៉ឹម វុត្ថា ប្រកាសអន្តរក្រសួងនេះ នឹងត្រូវចេញនៅចុងខែមករា ឆ្នាំ២០១៧ ហើយបន្ទាប់ពីមានប្រកាសនេះ ក្រុមការងារនឹងរៀបចំការងារខ្លួនភ្លាម ក្នុងការអនុវត្តការងារនេះ ពេលនោះនឹងដឹងថា តើចំនួនស៊ីមកាតដែលគ្មានឯកសារត្រឹមត្រូវ នោះមានប៉ុន្មានច្បាស់ និងពិនិត្យតាមផ្លូវច្បាប់ថា ត្រូវចាតមវិធានការយ៉ងដូចម្តេច? និងធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពច្បាប់ និងកិច្ចអភិវឌ្ឍន៍វិស័យនេះ។
លោកបន្តថា ជាមួយគ្នានេះអង្គប្រជុំនៅថ្ងៃនេះ បានស្នើសុំដល់បណ្តាប្រតិបត្តិករ សហការសិក្សា និងរកវិធីល្អ ក្នុងការគ្រប់គ្រងការប្រើប្រាស់ សេវាទូរគមនាគមន៍ តាមរយៈប្រើប្រាស់ Public Internet Protocol ឬ Public IP ដើម្បីធានាឲ្តបាននូវការគ្រប់គ្រង សន្តិសុខសង្គម និងសន្តិសុខជាតិ លើការប្រើប្រាស់បណ្តាញ និងសេវាទូរគមនាគមន៍នេះ។
លោក អ៉ឹម វុត្ថា បន្ថែមទៀតថា ចំពោះការងារទាំងនេះ គឺសុទ្ធតែជាការងារសំខាន់ សម្រាប់ការចូលរួម ក្នុងកិច្ចការពារសន្តិសុខសង្គម និងសន្តិសុខជាត់ របស់រាជរដ្ឋាភិបាល និងការប្រើប្រាស់បណ្តាញ និងសេវាទូរគមនាគមន៍ ប្រកបដោយសុវត្ថភាព និងការគោរពច្បាប់។
គួរបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករ និងក្រសួង បានឲ្យដឹងថា ស៊ីមកាតទូរស័ព្ទដែលភ្ជាប់រួច និងមិនមានអត្តសញ្ញាណសំគាល់មានប៉ុន្មានសរុប៨% នៃចំនួនទូរស័ព្ទសរុបប្រមាណ១៩.៥លាន៕