(ភ្នំពេញ)៖ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងគណៈប្រតិភូ នៅវេលាម៉ោង៣៖៤៥នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានទៅដល់ខេត្តសៀមរាប ដោយសុវត្ថិភាពហើយ ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។
ក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី អមដំណើរដោយ យកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ផងដែរ។
ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។
លោកប្រធានាធិបតី និងភរិយា នឹងស្នាក់នៅខេត្តសៀមរាបមួយរាត្រី លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។
នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕