(ភ្នំពេញ)៖ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមករានេះថា ធនាគារអេស៉ីលីដា របស់លោកតាំងពីដើមរៀងមក មិនដែលបានប្រើប្រាស់កម្មវិធីផ្តល់រង្វាន់ ដើម្បីធ្វើអាជីវកម្មនោះឡើយ ហើយប្រសិនបើមានជនខិលខូច ដែលប្រើប្រាស់ឈ្មោះ អេស៉ីដា ថាមានផ្តល់រង្វាន់នោះ គឺករណីបោកប្រាស់ប៉ុណ្ណោះ សូមប្រជាពលរដ្ឋកុំជឿ។
ការបញ្ជាក់របស់លោក អ៉ិន ចាន់នី នេះធ្វើឡើង បន្ទាប់ពីថ្មីៗនេះ មានជនខិលខូចមួយចំនួន បានយកឈ្មោះធនាគារអេស៊ីលីដា ដើរបោកប្រាស់ ប្រជាពលរដ្ឋក្រោមរូបភាពថា ឈ្នះរង្វាន់ពីធនាគារអេស៊ីលីដា ក្នុងទំហំទឹកប្រាក់ណាមួយ ហើយជនខិលខូចទាំងនោះ បានទាមទារសំណងពីអ្នកត្រូវរង្វាន់ មកវិញនូវលាបសក្ការៈផ្សេងៗ។
លោក អ៉ិន ចាន់នី បានបញ្ជាក់ថា ធនាគារអេស៊ីលីដា គ្មានគោលការណ៍ក្នុងការផ្តល់រង្វាន់ដល់អតិថិជន ជាទឹកប្រាក់រាប់ ឬអ្វីផ្សេងៗនោះទេ ហើយក៏គ្មានកម្មវិធីចាប់ឆ្នោតឈ្នះរង្វាន់អ្វីដែរ។
លោក អ៉ិន ចាន់នី បានព្រមានខ្លាំងថា ក្នុងករណីមានជនខិលខូចណាមួយ យកឈ្មោះធនាគារអេស៊ីលីដា យកបោកប្រាស់ប្រជាពលរដ្ឋ ប្រសិនបើធនាគារស្វែងរកឃើញ នោះនឹងប្តឹងសមត្ថកិច្ច ឲ្យតាមចាប់មកផ្តន្ទាទោស តាមច្បាប់។
យ៉ាងណាក៏ដោយ លោក អ៉ិន ចាន់នី សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានជនខិលខូច អាចប្រើល្បិចបោកបញ្ឆោតបាន។
ជាការកត់សំគាល់ ក្នុងរយៈពេលចុងក្រោយនេះ មានការបង្ហោះ និងចែកចាយព័ត៌មានជាច្រើន នៅលើបណ្តាញសង្គម Facebook ដោយមានការថតសំឡេង និងលេខទូរស័ព្ទពីការសន្ទា របស់ជនខិលខូចទាំងនោះ ដោយក្នុងសំឡេងនោះ បានអះអាងថា ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា ដើម្បីចង់បានលាភសក្ការៈពីប្រជាពលរដ្ឋ៕