(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទជួញដូរគ្រឿងញៀន បន្ទាប់កម្លាំងនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួននៅថ្ងៃម្សិលម៉ិញ នៅចំណុចក្រុមទី៧ ស្ថិតក្នុងភូមិអូរដាលើ ឃុំបួរស្រុកភ្នំព្រឹករួចមក។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុយ ភ័ណ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិខាងលើ។
លោក ស៊ាន សូណាល់ បានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដើរល្បាត ក៏ប្រទះឃើញមុខសញ្ញាខាងលើ បានរត់ចេញពីផ្ទះគេចមុខកម្លាំងសមត្ថកិច្ច ភ្លាមៗនោះសមត្ថកិច្ចបានហៅជនសង្ស័យសួរនាំ និងវត្ថុតាងយ៉ាម៉ា ចំនួន៤១គ្រាប់ និងសម្ភារៈមួយចំនួនទៀត ដែលជនសង្ស័យយកទៅលាក់ទុកនៅគល់ដូង កម្លាំងឆែករកឃើញក៏នាំយកមកអធិការស្រុកដើម្បីសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នមន្រ្តីការិយាល័យជំនាញខេត្ត បានរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមច្បាប់៕