(ភ្នំពេញ)៖ ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងគណៈប្រតិភូ នៅវេលាម៉ោង៣៖០៥នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ដដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។
ក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី អមដំណើរដោយ យកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ផងដែរ។
ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប៕