នគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំញៀន២កញ្ចប់ និងវត្ថុតាងមួយចំនួន
10-01-2017 14:43
(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានធ្វើការស្រាវជ្រាវបង្ក្រាប ករណីចែកចាយគ្រឿងញៀន មួយករណីនៅថ្ងៃទី៩ ខែមករាម្សិលមិញ នៅចំណុចបរិវេណខាងកើតច្រកអន្តរជាតិជាំ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
លោកស្នងការថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១៖ឈ្មោះ ហេង ប៉េងទ្បុង អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ ភិន សីឡា ហៅសីឡែន អាយុ១៩ឆ្នាំ និងទី៣៖ឈ្មោះ សឿន សាក់ អាយុ២២ឆ្នាំ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីនICE ចំនួន២កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដ៕