(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំអរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
ឆ្លើយតបនឹងបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថេមទៀតថា កម្ពុជានឹងផ្តល់ជូនឡាវក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ កំពង់ផែសមុទ្រកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ឡាវ ដែលជាប្រទេសពុំមានសមុទ្រ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើងខណៈដែលសម្តចតេជោ និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ រៀបចំធ្វើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលឡាវ ដែលបានលក់អគ្គិសនី ក្នុងតម្លៃថោក ជូនមកកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូន ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវម្តងទៀតថា កម្ពុជានឹងផ្តល់ជូនមិត្តឡាវ ក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែនៅតាមទន្លេមេគង្គ និងកំពង់ផែសមុទ្រកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់មិត្តឡាវ ដែលជាប្រទេសពុំមានសមុទ្រ»៕