(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ឱ្យបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវជាមួយ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តោយព្រំដែន ប្រទេសទាំងពីរបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដេនគ្រប់ប្រភេទ»។
សម្តេចថែមទាំងបានជំរុញ ឱ្យអាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែន ខិតខំសម្របសម្រួលរួមគ្នាដោះស្រាយបញ្ហានានា ដែលកើតឡើងតាមព្រំដែនឱ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាបងប្អូន ជាអ្នកភូមិផងរបងជាមួយដ៏ល្អសម្តៅរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ឱ្យបានស្ថិតស្ថេររឹងមាំ និងមានការរីកចម្រើនឥតឈប់ឈរផងដែរ។
សូមបញ្ជាក់ថា ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយនេះ រដ្ឋាភិបាលប្រទេសទាំងពីរក៏បានចុះកិច្ចព្រំព្រៀង អនុស្សារណៈ និងកំណត់ហេតុនៃកិច្ចប្រជុំនានាជាច្រើន និងលើគ្រប់វិស័យ ព្រមជាមួយការសហការគ្នា រៀបចំនូវយន្តការសហប្រតិបត្តិការគ្នាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។
សម្តេចតេជោ ក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន ក៏ដូចជាយន្តការសហប្រតិបត្តិការនានា ដែលបានបង្កើតឡើង ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ បន្តសហការគ្នាអនុវត្តឱ្យបាន នូវលទ្ធផលស្រងតាមការព្រមព្រៀងនេះថែមទៀត៕