(ភ្នំពេញ)៖ លោក សំ ចេក ប្រធានការិយាល័យរដ្ឋបាល តំណាងម្ចាស់ក្រុមហ៊ុនបុរីមហាសេដ្ឋី បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីបំភ្លឺបន្ថែមជុំវិញករណីប្រជាពលរដ្ឋដែលបានទិញផ្ទះពីបុរីជិត៥០នាក់ចោទប្រកាន់ថា ខាងបុរីមិនបានចេញប័ណ្ណកម្មសិទ្ធិជូននោះ តែឥឡូវនេះខាងម្ចាស់បុរីកំពុងចាត់ចែងធ្វើប័ណ្ណកម្មសិទ្ធិជូនម្ចាស់ផ្ទះហើយ ។
លោក សំ ចេក បានបំភ្លឺបន្ថែមទៀតថា ជាក់ស្ដែង ខាងបុរីមហាសេដ្ឋីមិនបានបោកប្រាស់អតិថិជន ដែលបានចំណាយលុយមកទិញ ផ្ទះនៅក្នុងបុរីមហាសេដ្ឋីនោះទេ តែខាងបុរី ទទួលស្គាល់ថា ពិតជាមានការយឺតយ៉ាវក្នុងការធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់មែន ដោយការ យឺតយូរនេះ ក៍ព្រោះតែមានមូលហេតុមួយចំនួន បានកើតឡើងរួមមាន៖
ទី១៖ ប្រជាពលរដ្ឋខ្លះ បានទិញផ្ទះល្វែងបង់រំលួសពីបុរីដោយ ប្រើរយៈពេលវែងចាប់ពី១៧ឆ្នាំទៅ២០ឆ្នាំឯណោះ
ទី២៖ ពលរដ្ឋខ្លះទិញផ្ទះរួចតែ មិនទាន់ប្រគល់ថវិកាគ្រប់ចំនួននៅឡើយ
ទី៣៖ អ្នកខ្លះ ទៀត ទិញផ្ទះបានហើយ តែបែរជាមកខ្ចីថវិកាពីខាងបុរីទៅវិញដើម្បីយកទៅពង្រីកមុខរបរអាជីវកម្មទទួលទានរបស់ខ្លួន
ទី៤៖ អ្នក ទិញផ្ទះបាន តែបែជាចង់លក់វិញក៍មាន ទើបធ្វើឲ្យខាងបុរីមហាសេដ្ឋីមិនអាចផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបាន ។
ជាមួយគ្នានោះ ម្ចាស់បុរីមហាសេដ្ឋីក៍សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលបានទិញផ្ទះពី បុរីមហាសេដ្ឋីដោយពុំទាន់ទទួល បានប័ណ្ណកម្មសិទ្ធទាំងអស់ មេត្តាជួយសហការផ្ដល់ ទាំងឱកាសនិងពេលវេលា សម្រាប់ឲ្យខាងជំនាញសុរិយោដីចុះធ្វើការងារជូន ផងដែរ ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅខាងមុខការិយាល័យលក់ផ្ទះល្វែងយីហោ «មហាសេដ្ឋី» ដែលមានទីតាំងនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បាននាំគ្នាធ្វើការតវ៉ានៅមុខ ការិយាល័យ លក់របស់បុរីមហាសេដ្ឋី ដើម្បីទាមទារអោយខាងបុរី ផ្ដល់ប័ណ្ណកម្មសិទ្ធិអោយ ពួកគាត់ទៅតាមកិច្ចសន្យា៕