(ភ្នំពេញ)៖​ ​ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ​ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងគណៈប្រតិភូ នៅវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​បន្ដដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។

ក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី​ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង និង​រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ផងដែរ។​

​ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់​អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។

លោកប្រធានាធិបតី និងភរិយា នឹងស្នាក់នៅខេត្តសៀមរាបមួយរាត្រី លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានា​ធិបតី​សិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។

នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕