Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូតភូមាប្រចាំកម្ពុជា អញ្ជើញឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងយ៉ានគួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម

10-01-2017 13:36

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានគោរពអញ្ជើញ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឡើងទៅទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីយ៉ានគួន ប្រទេសមីយ៉ាន់ម៉ា តាមពេលវេលាគួរសមណាមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងប្រទេសទាំងពីរ, នេះបើតាមលោក ហុង បញ្ញារិទ្ធ ទីប្រឹក្សាឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយលោក មីយីន្ត សែវ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក ហុង បញ្ញារិទ្ធ បានឲ្យដឹងថា ក្នុងឱកាសជួបពិភាក្សា ក្នុងទីស្ដីគណៈរដ្ឋមន្រ្តី ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ធ្វើដំណើរទស្សនកិច្ចផ្លូវការ ក្នុងពេលវេលាណាមួយ អំឡុងខែមករា ឆ្នាំ២០១៧នេះ។

លោក ហុង បញ្ញារិទ្ធ បានបន្តថា លោកឧបនាយករដ្ឋមន្រ្តី បានទទួលយល់ព្រមនឹងសំណើនេះដែរ ប៉ុន្តែដោយសារក្នុងខែមករានេះ លោកឧបនាយករដ្ឋមន្រ្តី មានធុរៈត្រូវបំពេញ ទើបសុំលើកថ្ងៃបំពេញទស្សនកិច្ចនេះ ទៅដល់ខែកុម្ភៈ ឬខែមិនាវិញ។ លោកឯកអគ្គរដ្ឋទូត មីយីន្ត សែវ ក៏បានយល់ព្រមនឹងការលើកពេលនេះផងដែរ ហើយរីករាយស្វាគមន៍វត្តមានរបស់ លោកឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង ជានិច្ច។

លោក មីយីន្ត សែវ បានបញ្ជាក់ថា គោលបំណងនៃគោរពអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាពេលនេះ គឺក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់ជិតស្និទ្ធបន្ថែមទៀត រវាងកម្ពុជាជាមួយមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន ដែលស្នើឡើងដោយក្រសួងការបរទេសមីយ៉ាន់ម៉ា។

ដោយឡែក ចំពោះកិច្ចការងារចុះហត្ថលេខាណាមួយ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ហុង បញ្ញារិទ្ធ មិនទាន់អាចបញ្ជាក់ប្រាប់បានទេ ព្រោះត្រូវរងចាំការពិភាក្សាគ្នាបន្តទៀត៕