(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ ក្នុងនោះស្រី៧នាក់ ដែលលួចឆ្លងដែន ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងប្រកបរបរដោយគ្មានច្បាប់អនុញ្ញាតិ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោកឧត្តមសេនីយ៍ទោថា ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
លោកប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ឃាត់បានជនជាតិវៀតណាម១៣នាក់ ក្នុងស្រី៧នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕